Wednesday, June 18, 2014

៣​ប្រទេស​នៅ​អាស៊ាន​ប្រឈម​ខ្លាំង​នឹង​ផ្ដាសាយ​បក្សី H7N9

យោងតាមគេហទំព័រ Sabay News បញ្ជាក់ថា ៥​ប្រទេស​នៅ​អាស៊ី អាច​​ប្រកែក​ស្មា​គ្នា​ជាមួយ​ចិន​ប្រឈម​គ្រោះថ្នាក់​មេរោគ​ផ្ដាសាយ​បក្សី H7N9 ដែល​សម្លាប់​មនុស្ស​ប្រមាណ​ជា ១០០ នាក់​ ចាប់តាំង​​ពី​មេរោគ​នេះ​ផ្ទុះ​ឡើង​នៅ​ចិន​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។
នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ បង់ក្លាដេស ឥណ្ឌា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម កំពុង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ដូច​ចិន ព្រោះ​ប្រទេស​ទាំង​នេះ​មាន​ទីផ្សារ​មាន់​ទា​រស់​នៅ​តំបន់​មនុស្ស​រស់នៅ​ ច្រើន។
H7N9 គឺ​ជា​មេរោគ​ផ្ដាសាយ​បក្សី​ទី​ពីរ ព្រម​គ្នា​នឹង H5N1 ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​តាម​ ទីផ្សារ​មាន់​ទា​រស់ ដែល​ជា​កន្លែង​អ្នក​ទិញ-លក់ ប៉ះពាល់​ផ្ទាល់​ជា​មួយ​មាន់​ទា​មាន​ផ្ទុក​មេរោគ។
H5N1 មាន​គ្រោះថ្នាក់​ចំពោះ​មនុស្ស​ខ្លាំង​ជាង H7N9 ដោយ​សារ​មាន់​ទា​បង្ហាញ​រោគ​សញ្ញា​ឈឺ ខណៈ​ដែល H7N9 មាន់​ទា​ឈឺ​មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​សោះ។ មេរោគ​គ្រោះ​ថ្នាក់​សម្លាប់​មនុស្ស​ទាំង​ពីរ​នេះ មាន​ប្រភព​ចេញ​ពី​ចិន​តែ​មួយ។
ដំបូង​ឡើយ អ្នក​វិទ្យាសាស្ត្រ​នាំ​គ្នា​ព្រួយ​បារម្ភ​ថា H7N9 អាច​នឹង​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទៀត ដែល​នឹង​អាច​ឆ្លង​ជា​លក្ខណៈ​ពិភពលោក។ ប៉ុន្តែ មន្ត្រី​ទទួល​ខុស​ត្រូវ​ចិន និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា មិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ពី​ការ​ឆ្លង​រវាង​មនុស្ស និង​មនុស្ស​នោះ​ទេ។
ការ​សិក្សា​នេះ​កំណត់​រក​តំបន់​គ្រោះថ្នាក់​ទាំង​ នេះ ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Free University of Brussels, វិទ្យាស្ថាន​ស្រាវជ្រាវ​បសុសត្វ​អន្តរជាតិ, សាកលវិទ្យាល័យ Oxford និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​ចិន។

No comments:

Post a Comment