Thursday, July 3, 2014

ក្រុមហ៊ុន CP ប្រហែល​ជា​ក្រុមហ៊ុន​តែមួយ​គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​លក់​ពូជ​មាន់​នាំចូល

មាន់​មានពូជ​ច្រើន​ប្រភេទ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​គេ​សង្កេតឃើញ​មាន​តែ​ពូជ​មាន់​ក្នុងស្រុក មាន់​កណ្តូង ដែល​មាន​រូបរាង​ធំ​ជាង​មាន់​ធម្មតា មាន់​សំឡី (​សាច់​ខ្មៅ​) មាន់​ស​ ពូជ​នាំចូល​សម្រាប់​ការចិញ្ចឹម​បែប​ឧស្សាហកម្ម ពូជ​មាន់​ក្រហម ជា​ពូជ​នាំចូល​ចិញ្ចឹម​យក​ពង និង​ជា​ប្រភេទ​ពូជ​មាន់​នាំចូល​ដែរ ។​

​ ​យើង​អាច​បែប​ចែក​ការចិញ្ចឹម​ចេញ​ជា​ពីរ​យ៉ាង :
​ ​១- ចិញ្ចឹម​តែមាន់​ក្នុងស្រុក​
​ ​២- ចិញ្ចឹម​មាន់​ឧស្សាហកម្ម​ពូជ​នាំចូល (​ពី​ប្រទេស​ថៃ​)
​ ​បើ​យើង​ចង់​ចិញ្ចឹម​ត្រឹមតែ​ពូជ​មាន់​ក្នុងស្រុក​ទេនោះ យើង​នឹង​មិន​ជួប​បញ្ហា​ចំណី​ច្រើន​ឡើយ ពីព្រោះ​វា​អាច​រកស៊ី​ដោយ​ខ្លួនឯងបាន យើង​គ្រាន់តែ​ផ្តល់​ចំណី​បន្ថែម​ខ្លះ​ជា​បន្ថែម​ឲ្យ​វា​នៅ​ពេល​ល្ងាច​បាន​ហើយ ។​
​ ​ប៉ុន្តែ​បើសិន​យើង​ជ្រើសរើស​ចិញ្ចឹម​មាន់​ពូជ​នាំចូល​វិញ យើង​ចាំបាច់​ត្រូវ​មាន​ប្រាក់​សម្រាប់​ធ្វើ​កន្លែង​ឲ្យ​វា​នៅ និង​រៀបចំ​កន្លែង​ចិញ្ចឹម​វា​តាម​បែប​ឧស្សាហកម្ម នេះ​អាច​ជា​បញ្ហា​ចំពោះ​អ្នក​ដែល​មាន​ធនធាន​តិច ។ តាម​ការសាកសួរ​ទៅកាន់​ក្រុមហ៊ុន CP ដែល​មាន​ទីតាំង​ភ្ញាស់​កូន​មាន់​លក់​នៅក្នុង​ប្រទេស​កម្ពុជា (​នៅតា​ខ្មៅ​) បានឲ្យដឹងថា ក្រុមហ៊ុន​មានពូជ​មាន់​ចំនួន ៤​ប្រភេទ​សម្រាប់​លក់ :
​ ​ទី​១ មាន់​ស​
​ ​ទី​២ មាន់​ក្រហម​
​ ​ទី​៣ មាន់កូន​កាត់​បី​សាសន៍​
​ ​ទី​៤ មាន់​ខ្មៅ (​រោម​ខ្មៅ​ទាំងអស់​)​ ​ ​
​ ​អ្នកទិញ​ពូជ​មួយ​ណា​ក៏​បាន តែ​ត្រូវ​ទិញ​យ៉ាងតិច​បំផុត​ចំនួន ៥០០ កូន​មាន់ ក្នុង ១​លើក, ដើម្បី​ទិញ​បាន​អ្នកទិញ​ត្រូវ​កក់​ប្រាក់​ចំនួន 10% ជាមុន​សិន​ទើប​គេ​ភ្ញាស់​កូន​មាន់​នោះ​ឲ្យ​យើង​បាន ។​
​ ​ការ​ចិញ្ចឹម​មាន់​ក្នុងស្រុក ​(​ពូជ​ចំរុះ​) អាច​ធ្វើទៅបាន​ដោយ​ការជ្រើសរើស​ពូជ​សម្រាំង ។ កន្លែង​ដែល​យើង​អាច​ទាក់ទង​រក​ទិញ​ពូជ​មាន់ស្រុក​បាន​គឺ តាមរយៈ​អង្គការ '​សេ​ដាក​ ' យើង​អាច​សាកសួរ​រក​ប្រភព​អ្នក​ចិញ្ចឹម​ពី​អង្គការ​នេះ​បាន ពីព្រោះ​អង្គការ​នេះ​មាន​ប្រភព​បណ្តាញ​អ្នក​ចិញ្ចឹម​នៅ​ច្រើន​ខេត្ត ។​
​ ​អាស​យដ្ឋា​ន​របស់​អង្គការ​នេះ​គឺ​:
​ ​ផ្ទះ​លេខ ១១៩ ផ្លូវ ២៥៧ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក
​ ​ទូរស័ព្ទ​លេខ​: 023 880 916
​ ​ទូរសារ​លេខ​: 023 885 146
​ ​emailL CEDAC_publication@online.com.kh
​ ​មាន់​ដែល​យើង​ទិញ​បាន​មក​ គួរ​ជា​មេមាន់​ធំ​ស្រាប់​ប្រសើរ​ជាង​ទិញ​កូន​មាន់​យក​មក​ចិញ្ចឹម ពីព្រោះ​យើង​មិន​ប្រថុយ​ពេក​ទៅ​លើ​ករណី​កូន​មាន់​ងាប់ ឬ​ពិបាក​ក្នុង​ការថែទាំ​វា​ពេល​នៅ​តូចៗ ។​
​ ​ចំពោះ​មាន់​បា​វិញ​គួរ​រើស​រក​ពូជ​មាន់​កណ្តូង ឬ​ពូជ​មាន់​ដែល​ធំ (​តម្លៃ​អាច​ថ្លៃ​) ។ សូម​ចាប់ផ្តើម​ត្រឹម​មេមាន់​ចំនួន ១០-២០ ក្បាល​សិន ជាមួយ​បា ៤ ទៅ​ប្រាំ​ក្បាល ។​
​ ​ឯ​ការជ្រើសរើស​យក​ពូ​ជ​វិញ​វា​មាន​ការលំបាក​ណាស់ ពីព្រោះ​អ្នកមាន​មាន់​លក់​គាត់​នឹង​មិន​សប្បាយ​ឲ្យ​យើង​ពិនិត្យ​មាន់​គាត់ ឬ​ចាប់​មាន់​ឲ្យ​យើង​ពិនិត្យ​ឡើយ ហេតុ​នេះ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ត្រឹម​ជ្រើស​យក​មាន់​ដែល​ធំៗ (​ពូជ​ធំ​) គ្មាន​អ្វី​ផ្សេង​ពី​នេះ​អាច​ឲ្យ​យើង​ធ្វើ​បាន​ឡើយ តែ​ត្រូវ​ឲ្យ​ប្រាកដថា មាន់​ដែល​យើង​បាន​ទិញ​នោះ​គឺជា​មាន់​ដែល​គ្មាន​ជម្ងឺ រហ័សរហួន​ស្វាហាប់ ។​
​ ​យើង​អាច​រក​ទិញ​មាន់ពូជ​ឧស្សាហកម្ម​មក​បង្កាត់​ជាមួយ បើ​យើ​ចង់បាន​ពូជ​មាន់​ធំ​ល្អ ឬ​ឲ្យមាន់​ពង​ច្រើន ។​
​ ​តើ​យើង​គួរ​បង្កាត់​បែបណា ?
​ ​- មេមាន់​ស្រុក​បង្កាត់​ជាមួយ​មាន់​ឈ្មោល​ពូជ​ឧស្សាហកម្ម (​មាន់​ក្រហម​)
​ ​- កូន​ដែល​បង្កាត់​បាន​យក​មក​បង្កាត់​មួយលើកទៀត​
​ ​ជាមួយ​មាន់ពូជ​ខ្មៅ ឬ​កូនកាត់​បី​សាសន៍​របស់​ក្រុមហ៊ុន CP
​ ​* ការធ្វើ​បែប​ខាងលើ​នេះ​អាចឲ្យ​យើង​ទទួល​បានមាន់ដែល​ធំ​ជាង​ធម្មតា (​ធំ​ជាង​មាន់​ស្រុក​) និង​ចេះ​ដើរ​រកស៊ី​ចំណី​ដូច​មាន់​ធម្មតា​ដែរ ។​
​ ​បើសិន​យើង​មាន​បំណង​យក​ការ​ចិញ្ចឹម​មាន់​ធ្វើជា​មុខរបរ ហើយ​មាន​ធនធាន​ល្មម​អាចធ្វើ​បាន គួរ​ទិញ​មាន់​កូនកាត់​បី​សាសន៍​មក​ចិញ្ចឹម​រួច​បង្កា​ត់វា​ជាមួយ​មាន់ពូជ​ធំ​ក្នុងស្រុក ។​
​ ​សម្រាំង​រើស​យក​ពូជ​ល្អ ទុក​ចំពោះ​ពូជ​មិនល្អ​ត្រូវ​លក់​ចេញ ត្រឹម​តែ​រយៈពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ យើង​នឹង​ទទួលបាន​ពូជ​មាន់ ដែល​យើង​ត្រូវការ​តាម​ចំនួន​ដែល​យើង​ចង់បាន​ហើយ ។​
​ ​ការចិញ្ចឹម​មាន់ពូជ​ក្នុងស្រុក​សុទ្ធ មិន​អាចឲ្យ​យើង​ទទួលបាន​ផល​លឿនតា​ម​បំណង​ឡើយ ចំណាយ​ពេល​ចិញ្ចឹម​យូរ រហូត ៥-៦ ខែ ទើប​អាច​លក់បាន ឯ​ចំណែក​មាន់​ឧស្សាហកម្ម​វិញ​គេ​ចំណាយ​ត្រឹមតែ ១​ខែ ឬ​ច្រើន​ជាង​១​ខែ ប៉ុណ្ណោះ គេ​អាច​បាន​មាន់​ទម្ងន់​ជិត ១​គី​ឡូ ឬ​ច្រើន​ជាង​សម្រាប់​លក់ ដូច្នេះ​ឃើញ​ថា​យើង​មាន​ការខាតបង់​ពេលវេលា​ច្រើន បើ​ចិញ្ចឹម​ពូជ​ក្នុងស្រុក​មិន​បាន​បង្កាត់ ។​
​ ​ហេតុ​នេះ​យើង​ត្រូវ​គិត​ពី​បញ្ហា​នេះ​ឲ្យបាន​ច្រើន ថា​តើ​មួយ​ណា​អាច​ឲ្យ​ផល​យើង​បាន​ច្រើនជាង ប្រើ​ពេល​ខ្លី​ជាង តែ​ការ​នេះ​វា​អាច​អាស្រ័យ​ផងដែរ ទៅលើ​កត្តា​នៃ​ការផ្តល់​ចំណី​ឲ្យ​វា និង​ការថែទាំ​កុំឲ្យ​វា​មាន​ជម្ងឺ​មក​រាតត្បាត ។​ ​
​ ​មាន់​ឧស្សាហកម្ម​គឺជា​មាន់​ដែល​គេ​ចិញ្ចឹម​ដោយ​ឲ្យចំ​ណី​មានពេល​មាន​វេលា​មួយ​ច្បាស់លាស់ ត្រូវបាន​គេ​ចិញ្ចឹម​ក្រោម​ដំបូល​មិន​ឲ្យ​ត្រូវ​ទឹក និង​ពន្លឺ​ថ្ងៃ​ចំ ដូច្នេះ​ពូជ​មាន់​ឧស្សាហកម្ម​ត្រូវ​ការថែទាំ​ច្រើន ទើប​អាច​លូតលាស់​បាន​ត្រឹមត្រូវ​តាម​ពេលវេលា​គេ​បាន​កំណត់ ។​
​ ​មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ចំណី​សម្រាប់​ចិញ្ចឹម​វា​បាន គឺ​ចិញ្ចឹម​មាន់​កូនកាត់​យ៉ាងហោច​ណាស់​យើង​អាច​កាត់បន្ថយ​ពេលវេលា​នៃ​ការចិញ្ចឹម​បាន​មួយចំនួនធំ​ដែរ គឺ​យើង​ចិញ្ចឹម​វា​ត្រឹម ២​ខែ​ប៉ុណ្ណោះ អាច​លក់​បាន​ហើយ​មិនមែន​ត្រូវការ​ពេលវេលា​រហូត ៥-៦ ខែ​ទើប​អាច​លក់បាន​នោះ​ឡើយ ។​
​ ​ជាធម្មតា​ការ​ចិញ្ចឹម​មាន់​អាស្រ័យ​លើ​កត្តា​ចំណី​ច្រើន​ជាង​កត្តា​ផ្សេងៗ​ទៀត ពីព្រោះ​ចំណី​មិន​គ្រប់គ្រាន់​ក៏​អាច​ឲ្យ​មាន់​ឈឺ​បាន ចំណី​គ្មាន​ជីវជាតិ​អា​ច​ឲ្យ​មាន់​ក្រិន​ក្រ​ធំ ចំណី​មិនល្អ​អាចឲ្យ​មាន់ឆាប់​ទទួល​ជម្ងឺ ម្ល៉ោះហើយ​គួរ​គិតគូរ​ឲ្យបាន​ច្រើន​ទៅលើ​កត្តា​ចំណី​ច្រើន​ជាង​គិត​ទៅលើ​បញ្ហា​ផ្សេង​ទៀត ។​
​ ​ក្រុមហ៊ុន CP ប្រហែល​ជា​ក្រុមហ៊ុន​តែមួយ​គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​លក់​ពូជ​មាន់​នាំចូល យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ឡើយ ។​
​ ​អាសយដ្ឋាន​របស់​ក្រុមហ៊ុន​សម្រាប់​ការទិញ​ពូជ​មាន់ និង​សាកសួរ​ព័ត៌មាន​បន្ថែម
​ ​CP Cambodia.Co.,Ltd
​ ផ្លូវជាតិ​លេខ ៤ ឃុំ​បែក​ចាន អង្គស្នួល​
​ ​email: C.P.Cambodia@mfone.com.kh
​ ​ទូរស័ព្ទ​លេខ​: 012 93 62 77
​ ​* កូន​មាន់​បី​សាសន៍​មួយ​តម្លៃ ៦​កាក់ ($0.6)
​ ​កូន​មាន់​ខ្មៅ​មួយ​តម្លៃ ៨​កាក់ ($0.8)
* រូបមន្តផ្សំចំណីមាន់ ដោយខ្លួនឯង
- មាន់សាច់ (មាន់ឧស្សាហកម្ម)
គ្រឿងផ្សំ :
. ពោត 40 គ.ក
. កន្ទក់ 25 គ.ក
. សណ្តែកសៀង 20 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 2 គ.ក
. អំបិល 400 ក្រាម
. ព្រីមិច 400 ក្រាម
- មាន់យកពង
គ្រឿងផ្សំ :
. កន្ទក់ 35 គ.ក
. សណ្តែកសៀង 28 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 15 គ.ក
. អំបិល 6 គ.ក
. ព្រីមិច 300 ក្រាម
- មាន់ស្រុក
គ្រឿងផ្សំ :
. កន្ទក់ 10 គ.ក
. ស្រូវកិន 50 គ.ក
. ម្សៅត្រី 20 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 200 ក្រាម
. អំបិល 200 ក្រាម
. ព្រីមិច 300 ក្រាម
សរុប : 100 គ.ក
សំគាល់ :
- សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
- ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។

No comments:

Post a Comment